ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្មែរនៅតែនឹករលឹកដល់ព្រះបរមរតនកោដ្ឋក្នុងឱកាសខួបទី៩ឆ្នាំនៃការសោយព្រះទិវង្គតរបស់ព្រះអង្គ
Fri,15 October 2021 (Time 02:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 111នាក់)

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅតែបង្ហាញអារម្មណ៍នឹករលឹកដល់ព្រះរុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីវក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួប៩ឆ្នាំនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ដោយសារតែ ព្រះអង្គបានបន្សល់ទុកស្នាព្រះហស្ថជាច្រើន ជាពិសេសគុណូបការៈដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជាទាំងមូល ។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប៩ឆ្នាំហើយ នៃការយាងសោយព្រះទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ។

នៅឯបរិវេណព្រះបរមរូបព្រះបរមរតនកោដ្ឋចាប់ពីម៉ោង៧ព្រឹកថ្ងៃទី១៥ ខែតុលានេះ ថ្នាក់ដឹកនាំតាមក្រសួងស្ថាបនរបស់រដ្ឋទំាងអស់ ព្រមទំាងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបណ្តាអង្គទូតនានាជាមិត្តប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូរៀងៗខ្លួន ដើម្បីធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះបរមរូបព្រះករុណាព្រះបរមរតនកោដ្ឋ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧតុង្គឧត្តមវិសេសវិសាល របស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុជាតិមាតុភូមិ បូរណភាពទឹកដី ឯករាជ្យជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាច ក្លាហានក្នុងការទាមទារ និងដណ្តើមឯករាជ្យ សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអាណានិគមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃ ទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅតែបង្ហាញការសោកស្តាយចំពោះការបាត់បង់ព្រះជន្មាយុរបស់ ព្រះករុណាព្រះមរមរតនកោដ្ឋ ហើយបាន ចាត់ទុកព្រះអង្គនៅតែជានិមិត្តរូបដ៏សំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ការបង្រួបបង្រួមជាតិ សុខសន្តិភាពធ្វើឱ្យប្រទេសជាតិមានការ រីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានបង្ហាញការនឹករំលឹកពីការយាង សោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ដែលមានរយៈពេល៩ឆ្នាំមកហើយ។ ជាមួយការរំលឹកនូវថ្ងៃបាត់បង់ដ៏សោកសៅរបស់ប្រជាពលរដ្ឋខ្មែរនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជារាស្រ្តទូទាំង ប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅតែគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រី រ៉េត គីមស៊្រី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ទោះបីជាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ បានយាងសោយ ព្រះទិវង្គតក៏ពិតមែន ប៉ុន្តែស្នាព្រះហស្ថដែលព្រះអង្គបានបន្សល់ទុកគឺគ្មាននរណាម្នាក់អាចបំភ្លេចបានឡើយ ចំពោះគុណូបការៈដ៏ខ្ពង់ខ្ពស់ ក្នុងការខិតខំដណ្តើមឯករាជ្យពីអាណានិគមនិយមបារំាងមកវិញ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ប្រជានុរាស្រ្តរស់នៅដោយសុខក្សេមក្សាន្តក្រោមម្លប់នៃសុខសន្តិភាព ដូច្នេះហើយទើបព្រះអង្គនៅតែដកជាប់ក្នុងក្រអៅបេះដូងរបស់ ប្រជាពលរដ្ឋខ្មែរជារៀងរហូតតទៅ ។

« ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ទោះបីជាសម្ដេចតាទួតបានសោយទិវង្គតក្តី ក៏ខ្ញុំនៅតែរំលឹកដឹងគុណដែលព្រះអង្គ បានពលិកម្មទាមទារឯករាជ្យពីបរទេស ជូនជាតិមាតុភូមិយើង ហើយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមសំដែងនូវការដឹងគុណចំពោះ សម្ដេចតា ហើយខ្ញុំសូមថ្វាយព្រះរាជកុសល សូមឲ្យព្រះអង្គបានទៅឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ហើយសូមឱ្យសម្ដេចតាជួយឃុំគ្រង ប្រទេសកម្ពុជាយើងឱ្យជួបតែសុខសន្តិភាពតរៀងទៅ » ។

កញ្ញា សុខ សុលីម៉ា ប្រជាពលរដ្ឋរស់នៅខេត្តកំពត បានឱ្យដឹងថា ទោះបីកញ្ញាជាយុវនារីជំនាន់ក្រោយក៏ពិតមែន តែកញ្ញាបានដឹងច្បាស់ និងចងចាំជាប់ជានិច្ច ចំពោះស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់គ្រប់បែបយ៉ាង សម្រាប់ ជាតិមាតុភូមិមួយនេះ ជាពិសេសមានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ ។

 « ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ដែលនៅថ្ងៃទី១៥ ខែតុលានេះ គឺជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចនរោត្តមសីហនុ គឺសម្ដេចបានបន្សល់ទុកនូវស្នាព្រះហស្ថ ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺទ្រង់បានជួយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជាច្រើន ហើយសម្រាប់ខ្ញុំ បើទោះបីជាព្រះអង្គបានចូលទិវង្គតហើយក៏ដោយ ក៏នៅតែមានការនឹករលឹកនិងចងចាំនូវព្រះរាជសកម្មភាពជាច្រើន ដែលព្រះអង្គបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ជារៀងរហូត ដែរ » ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងទីក្រុងប៉េកាំងប្រទេសចិន ដោយជរាពាធ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ