រាជធានីភ្នំពេញ ៖ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជំរុញលើកទឹកចិត្តឱ្យបេក្ខជនជ័យលាភី អាហារូបករណ៍២៨រូប ដែលត្រៀមចេញទៅសិក្សានៅសហព័ន្ធរុស្ស៊ី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញទាំងអស់ មកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ។ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទាំងនេះមានចំនួន២៨រូប ជាមន្ត្រីរាជការស្ថាប័នរដ្ឋ និងបុគ្គលិកមកពីវិស័យឯកជន បានប្រឡងជាប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២១ និងឆ្នាំ២០២២ ដែលនឹងត្រូវចេញដំណើរទៅសហព័ន្ធរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តការសិក្សាលើមុខជំនាញអាកាសចរណ៍ស៊ីវិល (វិស្វកម្មយន្តហោះ) ជំនាញផ្នែកវេជ្ជសាស្រ្ត (ទូទៅ និងឯកទេស) និងសេដ្ឋកិច្ចឌីជីថល រួមមាន៖ ផ្នែកសេដ្ឋកិច្ច គ្រប់គ្រង និងជំនាញផ្នែកដឹកជញ្ជូនផងដែរ។ជំនួបសម្ដែងការគួរសមនេះ ធ្វើឡើងដើម្បីទទួលបាននូវអនុសាសន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនឹងវិស័យផ្សេងៗ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាទុនក៏ដូចជាទស្សនទានដ៏មានតម្លៃសម្រាប់ការសិក្សានៅសហព័ន្ធរុស្ស៊ី។លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងផងដែរអំពីសមិទ្ធផលសម្រេចបានសំខាន់ៗ ក្រោមនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបាននាំប្រទេសជាតិយើងឆ្លងកាត់មហាវិនាសកម្មដោយសារសង្គ្រាម និងអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ។លោកជំទាវ ឥម នីថារ៉ា បានជំរុញលើកទឹកចិត្តឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមុខមាត់ គ្រួសារ ក៏ដូចជាមុខមាត់ប្រទេសជាតិ ។ បន្ថែមពីនោះទៀត នេះជាភ័ព្វសំណាងហើយដែលប្អូនៗបានរស់នៅក្រោមរបបដឹកនាំមួយ ដែលមានការគិតគូរគ្រប់ជ្រុងជ្រោយលើជោគវាសនា និងអនាគតរបស់ប្អូនៗទាំងអស់គ្នា។លោកជំទាវរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ដល់ក្រុមនិស្សិត ជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍នេះ និងបានស្នើឱ្យពួកគេរក្សាអាកប្បកិរិយាវិជ្ជមាន នៅពេលទៅសិក្សានៅ ប្រទេសគេ។លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវពាក្យស្លោកជាភាសាអង់គ្លេសរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីថា៖ “I must study harder” ដែលមានន័យថា៖ “ខ្ញុំត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំងក្លាថែមទៀត” ជូនដល់និស្សិតទាំងអស់ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ