ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ធីអ៊ិនអេ 012 598 938
NOCC អំពាវនាវឱ្យមហាជន ចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២
Thu,02 December 2021 (Time 04:19 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 124នាក់)

ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈការចុះឈ្មោះនៅតែបន្តទទួលរយៈពេល១សប្តាហ៍ទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងថា គណៈកម្មការរៀបចំទិវានេះ ទទួលបាននូវការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការរៀបចំព្រឹត្ដិការណ៍ កីឡាទេសចរណ៍ឡើងវិញ ជាពិសេស គឺទិវារត់ប្រណាំងអន្តរជាតិអង្គរនេះ។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេស នៅក្នុងស្រុក ដែលបានចុះឈ្មោះ ក៏ដូចជាមិនទាន់ចុះឈ្មោះ អាចចុះឈ្មោះចូលរួមរត់ប្រណាំងបាន ដោយការទទួលចុះឈ្មោះនេះ នៅបន្ត រយៈពេល១សប្តាហ៍ទៀត ដើម្បីយើងនាំគ្នាទៅមើលមុខមាត់ថ្មីនៃតំបន់អង្គរវត្ត ប្រកបដោយភាពស្រស់ស្អាត ភាពបៃតង សួនច្បារជាដើម គឺយើងទាំងអស់គ្នា អាចទៅកម្សាន្តផង រត់ប្រណាំងដើម្បីសុខភាពផង។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា អ្វីដែលពិសេសនៃទិវារត់ប្រណាំងអន្តរជាតិ លើកទី២៦ ឆ្នាំ២០២២នេះ គឺការស្តារឡើងវិញនូវវិស័យកីឡា-ទេសចរណ៍ សេដ្ឋកិច្ចសង្គម ជាមួយការចាកចេញបន្តិចម្តងៗពីវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីជួយជ្រោមជ្រែងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារឡើងវិញ ទៅលើព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងផ្តល់មកវិញនូវការងារ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម និងសេចក្តីសង្ឃឹម ជាបន្តបន្ទាប់នាថ្ងៃមុខទៀត។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន Manulife និងដៃគូឧបត្ថម្ភគាំទ្រទាំងអស់ ប្តេជ្ញាចិត្ត នឹងធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែធំ និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នករត់ប្រណាំងអន្តរជាតិ ឱ្យបានច្រើនបន្ថែមទៀត គឺឲ្យបានចំនួនដូចដើម (ជាង១ម៉ឺននាក់ មុនកូវីដ-១៩) ក្នុងពេលខាងមុខឆាប់ៗ និងបង្កើនឱ្យបានលើសក្នុងរង្វង់ចន្លោះពី ២ម៉ឺននាក់ ទៅ ៣ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំ ឬ ១០ឆ្នាំ ខាងមុខ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅក្រុមហ៊ុន Manulife ថ្លែងថា ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជា។ យើងមានមោទនភាពជាខ្លាំង ដែលបានធ្វើជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់អង្គរនេះ។ លោកបានបញ្ជាក់ថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តការគាំទ្រព្រឹត្តិការណ៍នេះ តាំងពីឆ្នាំ២០១៤មក ហើយកា្លយជាផ្នែកមួយក្នុងការជួយឱ្យអតិថិជន បុគ្គលិក និងសហគមន៍របស់យើង មានសុខភាពល្អ ភាពសកម្ម និងជីវិតដ៏ប្រសើរមួយ។ ឆ្នាំនេះ យើងមិនត្រឹមតែមានទំនួលខុសត្រូវខ្ពស់ លើសុខសុវត្ថិភាពរបស់អ្នកចូលរួម ដោយធ្វើយ៉ាងណាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេស និងសេដ្ឋកិច្ចសាជាថ្មីឡើងវិញ ដោយធ្វើការសហការយ៉ាងជិតស្និទជាមួយនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។

លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួសរាន់ចុះឈ្មោះចូលរួមរត់ប្រណាំងនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដោយគណៈកម្មការបើកទទួលការចុះឈ្មោះ១សប្តាហ៍បន្ថែមទៀត។ ពេលនេះ មានអ្នកចុះឈ្មោះជិត ២,០០០នាក់ ដូច្នេះ លោកសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រការរៀបចំទិវានេះឡើងវិញ តាមរយៈការចុះឈ្មោះចូលរួមរត់ប្រណាំងឲ្យបានច្រើនបន្ថែមទៀត។ កាលពីពេលកន្លងទៅ គណៈកម្មការកំណត់ចំនួនអ្នកចូលរួម ២,៥០០នាក់ប៉ុណ្ណោះ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះ មិនកំណត់តាមចំនួននេះទេ ដោយបើកទូលាយច្រើនជាងចំនួនកំណត់ពីមុន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ