ខេត្តត្បូងឃ្មុំ ៖ រយៈពេល៣ថ្ងៃ ពីថ្ងៃ១២ ដល់ថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២១ ផ្លែមៀនប៉ៃលិន ដែលអ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បាននាំយកមកលក់ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក្នុងតម្លៃខាតដើម ចំនួន៥៨តោន ក្នុងតម្លៃត្រឹមតែ ១.៩០០រៀល ក្នុង១គីឡូក្រាម ត្រូវបានលក់អស់ ដែលមានទីតាំងនៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ក្នុងថ្ងៃលក់ចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានចុះពិនិត្យការលក់ដោយផ្ទាល់ និងបានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។ក្នុងជំនួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដែលអ្នកឧញ្ញ៉ា នាំយកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)មកលក់នៅខេត្តត្បូងឃ្មុំ និងស្វាគមន៍ជានិច្ចសម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងគោលបំណងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់មកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តត្បូងឃ្មុំ។ជាមួយគ្នានោះដែរ អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បានជម្រាបឲ្យដឹងថា យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មកលក់ក្នុងតម្លៃខាតដើមជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ គឺដើម្បីឱ្យអ្នករស់នៅទីនោះបានភ្លក់រសជាតិផ្លែឈើខ្មែរយើង និងបានរួមចំណែករំលែកទីផ្សារក្នុងស្រុក ខណៈដែលកសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា ៖ «ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ មានការសាមគ្គីគ្នាដ៏រឹងមាំក្នុងគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនយើងឡើយ» ។ ម្យ៉ាងទៀត បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះកម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ ៥ ចូលរួមជួយបេះជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន» ។អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា បានសម្តែងនូវអំណអរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានផ្ដល់កន្លែងសម្រាប់ការលក់ផ្លែមៀនប៉ៃលិនផងដែរ ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃជួបសំណេះសំណាល ដើម្បីស្វែងយល់អំពីភូមិសាស្ត្រនៃខេត្តត្បូងឃ្មុំ ងាយស្រួលក្នុងការមកបណ្តាក់ទុនរកស៊ី លើវិស័យមួយចំនួន ។ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង អ្នកឧញ្ញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញចុះពិនិត្យទីតាំងលក់ផ្លែមៀនប៉ៃលិន ក្នុងនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជួយទិញមៀនប៉ៃលិនចំនួន១តោន នឹង អ្នកឧញ្ញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភមៀនប៉ៃលិន ចំនួន៥តោន អង្គរ២០តោន និងថវិការចំនួន១០០លានរៀល ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ