ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កំពុងតែបំភ្លឺដោយតារាពីរដួងនៅទិសផ្សេងគ្នា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការសប្បាយរីករាយ ការជួបជុំ និងដំណើរ កម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស ទាំងនៅក្នុងស្រុក និងមកពីបរទេស ក្រោយពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានបិទខ្ទប់ និងរិតត្បិតការធ្វើដំណើរដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ អស់រយៈពេលប្រមាណជាពីរឆ្នាំកន្លងមក។ តារាទាំងពីរដួងនេះ គឺមួយកំពុងតែរះនៅខេត្តសៀមរាប ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសិទ្ធិនាមហៅថា “តា រា រះនា ទិសឧត្តរ ” ដោយ សារតែខេត្តដែលជាបេះដូង នៃវិស័យទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជាមួយនេះ បានទទួលនូវសមិទ្ធផលផ្លូវថ្មី ៣៨ ខ្សែ និង គម្រោង ស្ដារ លើកកម្ពស់ សោភ័ណភាព ដងស្ទឹង សៀមរាប ដោយចំណាយថវិកាជាតិអស់ប្រមាណ២០០ លាន ដុល្លារ។ បន្ថែមពីនេះទៀត ខេត្តក៏កំពុងតែដំណើរការសាងសង់នូវ អាកាសយានដ្ឋាន ថ្មី ដែលមាន ឈ្មោះថា ” អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប - អង្គរ ” ក្រោមការវិនិយោគ ដោយ ក្រុមហ៊ុន ចិន ក្នុង ទំហំ ទឹកប្រាក់ ជាង ៨០០ លាន ដុល្លារ ដែលបានចាប់ផ្តើម សាងសង់ នៅ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ហើយ គ្រោង នឹង បញ្ចប់ ការសាងសង់ នៅ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយគ្រោង នឹង ដាក់ឱ្យ ដំណើរការ សាកល្បងជា លើកដំបូង នៅ ខែតុលា ឆ្នាំ ២០២៣ ។ តារាមួយដួងទៀតដែលបាននិងកំពុងតែរះ សម្រាប់បំភ្លឺ និងទាក់ទាញភ្ញៀវទេសចរដែរនោះ គឺ ”តារារៈនាទិសនិរតី” ដែលសំដៅដល់ខេត្តនៅតំបន់ឆ្នេរសមុទ្រ ជាពិសេសខេត្តព្រះសីហនុ ដោយសារតែខេត្តនេះ ក្រៅពីមានកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិដែលមានស្រាប់នោះ គឺថែមទាំងមានសមិទ្ធផលផ្លូវថ្មី និងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលលើកមុខមាត់ខេត្តនៅតំបន់ឆ្នេរនេះកាន់តែខ្ពស់ ខណៈដែលទីក្រុងព្រះសីហនុនៃខេត្តនេះ កំពុងតែទទួលគម្រោងវិនិយោគជាសំណង់សណ្ឋាគារ រីសត ខុនដូ ជាច្រើនគម្រោង ។ តារាទាំងពីរដួងនេះបាននិងកំពុងរះនៅក្នុងកាលៈទេសៈដ៏លំបាក ខណៈដែលកម្ពុជាកំពុងតែរងគ្រោះ និងទទួលផលប៉ះពាល់នៃការរីករាលដាលនៃមេរោគកូវីដ-១៩ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាគឺជាសមិទ្ធផលដែលកសាងឡើងដោយស្នាដៃកូនខ្មែរ ដោយប្រើថវិកាជាតិអស់ប្រមាណជា ៥០០ លានដុល្លារ ក្នុងនោះសមិទ្ធផលនៅខេត្តព្រះសីហនុ ចំណាយអស់ថវិកាប្រមាណជា ២០០ លានដុល្លារ និង នៅខេត្តសៀមរាប ប្រមាណជា ៣០០ លានដុល្លារ ។ ក្រៅពីតារាទាំងពីរដួងនេះ ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់យកវិស័យហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពមួយនោះ តារាមួយដួងទៀត ក៏កំពុងតែលេចរូបរាង ហើយវានឹងរះនៅពេលឆាប់ៗខាងមុខនេះ គឺនៅភូមិភាគឦសាន ។ នៅទីនោះ រាជរដ្ឋាភិបាលក៏មិនបានព្រងើយកន្តើយដែរ គឺបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាបណ្តើរៗ ។ ហើយក្រៅពីតារារៈនៅគោលដៅសំខាន់ៗទាំងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងតែអភិវឌ្ឍ និងដាក់ចេញនូវគោលការណ៍ដើម្បីប្រែក្លាយតំបន់ជាច្រើននៅទូទាំងប្រទេសកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដោយផ្អែកលើសក្តានុពលនៃតំបន់នីមួយៗ ដោយរួមមានតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ជាដើម។ សូមរីករាយនឹងទទួលយកចំណែកនៃពន្លឺនៃការអភិវឌ្ឍ នៃតារាទាំងអស់នេះដោយសុវត្ថិភាព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ប៉ុន្តែដើម្បីកុំឱ្យតារាទាំង នេះ ស្រអាប់ សូមយកចិត្តទុកដាក់លើបញ្ហាមួយចំនួន ពោលគឺបញ្ហាអនាម័យ និងបរិស្ថាន បញ្ហាសុវត្ថិភាពចរាចរណ៍នៅក្នុងការធ្វើដំណើរ និងជាពិសេសគឺការបន្តការការពារខ្លួនពីមេរោគកូវីដ-១៩ តាមវិធានការបង្ការ និងការពាររបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ។ ការខិតខំកសាង និងអភិវឌ្ឍគោលដៅទាំងនោះ គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាធ្វេសប្រហែស ហើយខ្វះការយកចិត្តទុកដាក់លើចំណុចទាំងនេះ តារាទាំងនេះក៏នឹងអាចស្រអាប់ខ្លួនទៅតាមនោះផងដែរ។ សរុបមកវិញ នៅក្នុងនាមក្រុមការងារនៃអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមយកឱកាសនេះ លំអោនកាយគោរព និងជូនពរ អស់លោក/លោកស្រី ប្រិយមិត្តទាំងអស់ សូមទទួលបាននូវ សិរីមង្គល បវរសួស្តី វិបុលសុខ គ្រប់ៗគ្នា ហើយក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមថែរក្សា និងការពារតារាទាំងពីរដួងឱ្យបន្តភ្លឺចិញ្ចាំងចិញ្ចាច សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏សូមឱ្យកម្ពុជាបន្តទទូលបាននូវវឌ្ឍនភាព និងការអភិវឌ្ឍ ដោយមានតារារះនៅតំបន់ផ្សេងៗកាន់តែច្រើនថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ